ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថានាពេលឆាប់ៗខាងមុខនេះនឹងមានការសាងសង់ផ្លូវក្រោមដីត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ដើម្បីជួយសម្រួលការធ្វើដំណើរ និងបញ្ចៀសការកកស្ទះចរាចរណ៍។
ក្រោយបញ្ចប់កិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសរសេរលើFacebook Page ថា “នាពេលឆាប់ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់ចំណុច មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL)។
នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរ របស់សិស្សនិស្សិតដែលមកសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចនោះ”៕