ភ្នំពេញ៖ បុគ្គលិកកាស៊ីណូ ណាហ្គាវើលជាង ១០០០នាក់ ផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លានៅព្រឹកថ្ងៃទី៩មករានេះសុំដំឡើងប្រាក់ខែនិងទទួលយកតំណាងសហជីពឈឹម កញ្ញា ស៊ីថូរ ចូលធ្វើការវិញបន្ទាប់ពីព្យួរការងារអស់រយៈពេលជាច្រើនខែមកហើយ។
ការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគោរពលក្ខខណ្ឌការងារ ដើម្បីឲ្យការងារបានប្រសើរឡើងនោះ។ ក្រុមហ៊ុនហាក់មិនមានចេតនាដើម្បីដោះស្រាយបញ្ហាដែលក្រុមបុគ្គលិកទាមទារនោះទេ ដោយក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកថ្មីដើម្បីចូលធ្វើការជំនួសទៅវិញ។ ទោះយ៉ាងណាក្រុមបុគ្គលិកនឹងនៅបន្តធ្វើបាតុកម្មទៀតរហូតដល់មានដំណោះស្រាយណាមួយដែលពួកគាត់ទទួលយកបាន៕