ក្រសួងសាធារណការកំណត់យកថ្ងៃ៧មករា​ ដាក់លក់លេខចុះបញ្ជីពិសេស​

0
ភ្នំពេញ​ ៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន​បានកំណត់​យក ថ្ងៃទី៧​ ខែមករា​ ឆ្នាំ​២០១៩ខាងមុខនេះ​ ដាក់លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ នាផ្សារទំនើប AEON MALL សែនសុខ ស៊ីធី (ច្រកចូលធំ Central Court)​។

ការដាក់ដំណេីរនេះដោយមានការចូលរួម​ ថ្នាក់ដឹកនាំក្រសួង គណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  សសយក គ្រឹះស្ថានហរិញ្ញវត្ថុជាដៃគូ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន និងសាធារណជនទូទៅ។

គោលបំណងនៃការដាក់ឱ្យដំណើរការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ គឺដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេសអាចកម្ម៉ង់តាមការពេញចិត្ត ព្រម ទាំងជួយសម្រួលដល់នីតិវិធីនៃការប្រមូលពន្ធថែមទៀតផង។ ម្យ៉ាងវិញទៀតនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា។

លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និង ការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្ត ផងដែរ។

ចាប់ពីថ្ងៃបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រលាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនី ដែល ខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈ ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់៕