ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចលើកគម្រោងសាងសង់ស្ពានថ្មថ្មី ដោយធ្វើនៅជិតស្ពានថ្មចាស់ ដែលកំពុងទ្រុឌទ្រោម ដោយយកលំនាដើមតាមស្ពានចាស់ ខណៈស្ពានថ្មចាស់ដែលមានអាយុកាលជាង១០០ឆ្នាំសល់ពីសម័យអាណានិគមបារាំងត្រូវជួសជុលកែលំអរ និងរក្សាទុកបំរើផ្នែក ទេសចរណ៍ និងអ្នកថ្មើជើងឆ្លងកាត់។
ក្នុងកិច្ចប្រជុំ នៅសាលាខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ តំណាងក្រសួង មន្ទីរជំនាញ បានមានមតិចូលរួម អំពីបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធ នឹងការសាងសង់ស្ពានថ្មថ្មី អមស្ពានថ្មចាស់នេះ ដោយក្នុងគម្រោងស្ពានថ្មថ្មីនេះ នឹងត្រូវសាង សង់ មានចន្លោះចម្ងាយពីគ្នាប្រហែល០៦ម៉ែត្រ នៅខាងត្បូងស្ពានចាស់ ដែលមានទទឹង០៨ ម៉ែត្រនិង បណ្តោយប្រវែង១០០ម៉ែត្រ។
លោក ងួន រតនៈ អភិបាលខេត្តបានបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះហើយ យើងរង់ចាំការសម្រេច និងកញ្ចប់ថវិកាពីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីជួសជុលស្ពានថ្មចាស់ ដោយស្ពានថ្មីគឺខាងកងវិស្វកម្មជាអ្នកធ្វើដោយកញ្ចប់ថវិកា ពីសប្បុរសជនផងដែរ។
ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានអំពាវនាវ និងជម្រាបជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងថា សូមកុំមានការបារម្ភទៀត ដោយស្ពានចាស់ក៏ជួសជុលអភិរក្ស ហើយស្ពានថ្មីក៏ធ្វើបន្ថែម ដើម្បីបានធ្វើ ដំណើរឆ្លងកាត់ ព្រមទាំងបានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕