ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាយ៉ាងមុតមាំឲ្យកងកម្លាំងនគរបាលបង្រ្កាបល្បែងស៊ីសងដែលជ្រកក្រោមស្លាកហ្គេមកម្សាន្តឲ្យអស់ជាពិសេសត្រូវតែចាប់ខ្លួនភ្លាមៗចំពោះកាងបទល្មើសទាំងនេះ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ លើកទិសដៅខែមករា ឆ្នាំ២០២០ និង សម្រួលភារកិច្ច ប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងមុតមាំថា ”ល្បែងស៊ីសងដែលជ្រកក្រោមផ្លាកហ្គេមកំសាន្តត្រូវ បង្ក្រាបអោយអស់ និងអ្នកនៅពីក្រោយបទល្មើស នៅពីក្រោយជនល្មើស ឧក្រិដ្ឋណាមួយ ទោះជាអ្នកណាក៏ដោយគឺត្រូវតែចាប់ខ្លួនភ្លាម”។
លោកឧត្តមសេនីយ៍ទោបានជំរុញអោយកងកម្លាំងសមត្ថកិច្ចជំនាញ ក្រោមឱវាទទាំងអស់ ត្រូវធ្វើអ្វីតាម ឋានានុក្រម គោរពច្បាប់ជាគោល ពង្រឹងនិតវិធីច្បាប់ មានសីលធម៌ល្អទន់ភ្លន់តែម៉ឺងម៉ាត់ និងជាពិសេសលោកក៏បានផ្តាំផ្ញើរអោយកងកម្លាំងទាំងអស់ ដាច់ខាតកុំនៅពីក្រោយ ជនល្មើស រឺបទល្មើសណាមួយអោយសោះ ជាដាច់ខាតត្រូវតែចាប់ខ្លួន។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលអធិការដ្ឋានទាំងអស់ត្រូវបើកទ្វា២៤ម៉ោងលើ២៤ម៉ោងទទួលបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយត្រូវការដំណោះស្រាយជាបន្ទាន់ដើម្បីទប់ស្កាត់ ដោះស្រាយ និងបង្រ្កាបទាន់ពេលវេលា៕