រាជរដ្ឋាភិបាលសង្កេតឃើញថា ការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិត

0

ភ្នំពេញ ៖ ក្រោយសង្កេតឃើញថា ការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីពង្រឹងការគ្រប់គ្រងឡើងវិញ។

យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ក្នុងត្រួតពិនិត្យគុណភាពខ្យល់ ជាពិសេស គុណភាពខ្យល់សាធារណៈ នៅតាមទីប្រជុំជនធំៗ ដោយតាមដានលើកំហាប់ភាគល្អិតនិចល មានវិជ្ឈមាត្រតូចជាង២,៥មីក្រូម៉ែត្រ (ហៅកាត់ថា PM២.៥) ដែលមានការកើនឡើង ក្នុងកម្រិតអាចបង្កហានិភ័យ ដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន។

រាជរដ្ឋាភិបាល បន្ដថា ជាការកត់សម្គាល់ប្រភព និងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឲ្យកំហាប់ភាគល្អិតនិចល PM២.៥ មានការកើនឡើង ដូចជា៖ ការបញ្ចេញផ្សេងពីរោងចក្រឧស្សហកម្ម ,ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហះឥន្ធនៈផ្សេងៗទៀត ,ភ្លើងឆេះព្រៃការដុតរានដីព្រៃ ,ការដុតវាលស្មៅ ,ការដុតគល់ជញ្ជាំង ,ការដុតសំរាម ,ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់។
រាជរដ្ឋាភិបាល បញ្ជាក់ថា «ការបំពុលខ្យល់ នឹងមានសភាពកើនឡើងជាបន្តទៀត នាឆ្នាំបន្តបន្ទាប់ ប្រសិនបើមិនមានវិធានការគ្រប់គ្រងឲ្យបានសមស្រប។កន្លងមករាជរដ្ឋាភិបាល សង្កេតឃើញថា ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិ»។

ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឲ្យបានកាន់តែប្រសើរ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសោភ័ណភាពនៅតាម រាជធានី-ខេត្ត រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការមួយចំនួន ដូចជា ៖ ទី១- ការគ្រប់គ្រងការដ្ឋានសំណង់ ,ទី២- ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ,ទី៣-ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ,ទី៤-ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម ,ទី៥-ការគ្រប់គ្រងការដុតសំណល់នៅទីចំហ ,ទី៦-ការកែលម្អការគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និងទី៧-ការបង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់៕