ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាគ្រោងទិញអគ្គីសនីដើរដោយធ្យូងថ្មពីប្រទេសឡាវចំនួន២ពាន់៤រយមេហ្គាវ៉ាត់ក្នុងរយៈពេល៣០ឆ្នាំដើម្បីបំពេញតម្រូវប្រើប្រាស់អគ្គីសនី និងការរីកចំរើនសេដ្ឋកិច្ចជាតិពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃព្រឹទ្ធសភានាព្រឹកថ្ងៃទី២ ខែមករានេះ លោក ម៉ម ប៉ុននាង អ្នកនាំពាក្យ ព្រឹទ្ធសភាបានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការទិញអគ្គីសនីពីប្រទេសឡាវនេះ ឆ្លើយតបទៅនឹងការរីកចំរើននៃប្រទេសកម្ពុជាលើគ្រប់វិស័យជាពិសេសផ្នែករោងចក្រ សហគ្រាសធនតូច មធ្យម និងធនធំជាច្រើននៅទូទាំងប្រទេស និងតម្រូវការប្រជាពលរដ្ឋតាមគេហដ្ឋានផងដែរ។
អគ្គីសនីទិញពីក្រុមហ៊ុន ធីអេសប៊ីភី សេកុង និងក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនេះ នឹងមានតម្លៃថោកជាងការទិញពីប្រទេសថៃ និងប្រទេសវៀតណាម។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទិញអគ្គីសនីនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងភាគីឡាវបានឯកភាពគ្នារួចហើយ ។ ចំពោះពេលវេលាជាក់ស្តែងគឺរង់ចាំតែច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទៅក្រុមហ៊ុនប្រទេសឡាវ និងការសាងអនុស្ថានីយ៍តបណ្តាញចូលមកកម្ពុជាតែប៉ុណ្ណោះ៕