ភ្នំពេញ៖ម្ចាស់រោងចក្រផលិតម្ស៉ៅមីនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរីបានប្រាប់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថាពីបញ្ហាប្រឈមនៃការខ្វះទុនសម្រាប់ប្រមូលទិញ ការដឹកជញ្ជូនផ្លូវឆ្ងាយ ជាពិសេសការចំណាយក្រៅផ្លូវនៅតែបន្តកើតមាន។
ក្នុងដំណើរចុះពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរីដែលដឹកនាំដោយ លោក វេង សាខុន កាលពីម្សិលមិញអ្នកគ្រប់គ្រងទូទៅក្នុងរោងចក្របានឲ្យដឹងថាក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហ.ត ហើយបានសម្ភោធដាក់ឲ្យដំណើរការសកម្មភាពនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោន/ថ្ងៃ ត្រូវការដំឡូងស្រស់ប្រមាណ ១ ២០០តោន។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន ៦០នាក់។
ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូលទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀល/គ.ក្រ ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន x ៣៥០រៀល/គ.ក្រ = ៤២០លានរៀល/ថ្ងៃ។ បច្ចុប្បន្នទីផ្សារម្សៅមីធំគឺឥណ្ឌា៤៨០ ដុល្លារ/តោន និងចិន ៤០០ដុល្លារ/តោន។
លោកស្រី ជា តូច បានជម្រាបប្រាប់លោករដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនដល់ដំណើរការប្រមូលទិញគឺទុន ដែលត្រូវការក្នុងមួយថ្ងៃជាង ៤២០លានរៀលប្រាក់សុទ្ធក្នុងមួយថ្ងៃ និងជា ពិសេសនៅរដូវប្រមូលផល។ ដោយឡែកការនាំចេញមានការជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ និងចំណាយលើសេវាក្រៅផ្លូវការចំនួន ៤០ដុល្លារក្នុងតោន ហើយនឹងភ្លើងនៅ មានតម្លៃខ្ពស់នៅឡើយ។ ដូច្នេះ តាមរយ:លោករដ្ឋមន្ត្រី លោកស្រីបានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ និងស្នើសុំឲ្យធនាគារអភិវឌ្ឍន៍ជនបទឬមួយធនាគារSME ជួយផ្តល់ប្រាក់កម្ចីធ្វើជាទុនសម្រាប់ប្រមូលទិញដំឡូងមីដើម្បីរក្សាអាជីវកម្មឲ្យមាននិរន្តរភាព និងជួយពិនិត្យតម្លៃអគ្គិសនីសម្រាប់អាជីវកម្មកៃច្នៃកសិផល។
បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្ររួចមកលោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រីដើម្បីបង្កើតរោងចក្រកែច្នៃដំឡូងមីដ៏ធំមួយនេះ ដែលជាប្រយោជន៍ស្រូបយកវត្ថុធាតុដើមក្នុងស្រុកធ្វើការកែច្នៃ បង្កើនតម្លៃបន្ថែម ជួយរកទីផ្សារដំឡូងមី និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
រាល់បញ្ហាដែលលោកស្រីបានលើកឡើងចំពោះវិស័យកសិកម្មលោករដ្ឋមន្ត្រីបានណែនាំឲ្យនាយកដ្ឋានកសិឧស្សាហកម្មចុះមកណែនាំប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា អគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាស្រាវជ្រាវអំពីពូជដំឡូងមីធន់ជំងឺ និងគ្មានជំងឺដែលអាចផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋដាំទទួលបានទិន្នផលខ្ពស់សិក្សាស្រាជ្រាវដាំដំណាំឆ្លាស់ដើម្បីកែលម្អគុណភាពដីសម្រាប់ដំណាំដំឡូងមី។
ដោយឡែកបញ្ហាដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់ក្រសួងលោករដ្ឋមន្ត្រីថានឹងធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យពិចារណាដោះស្រាយជូនជាបន្តបន្ទាប់៕