ភ្នំពេញ ៖ក្រោយពីលោក Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជាបង្ហើបគម្រោងវិនិយោគដំឡើងរថយន្តនៅកម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឆ្លើយតបវិញភ្លាមៗថាកម្ពុជាឯកភាពទទួលស្គាល់ស្តង់ដារសុវត្ថិភាពយានយន្តអាមេរិកសម្រាប់ទីផ្សារកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីពេលថ្មីៗនេះលោក Patric Murphy បានអះអាងថា «ខ្ញុំបានសិក្សាស្វែងយល់ពីគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់កម្ពុជា វិស័យសហគ្រាសធុនតូច និងមធ្យម និងនីតិវិធីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មយានយន្តរបស់សហរដ្ឋអាមេរិក នៅកម្ពុជា តាមរយៈការទទួលយកស្តង់ដារយានយន្ត សហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា»។
ដោយឡែក នីតិវិធីពាក់ព័ន្ធនិងការជំរុញ ធ្វើពាណិជ្ជកម្មយានយន្តអាមេរិក នៅកម្ពុជា រដ្ឋមន្ត្រីឧស្សាហកម្ម បានបញ្ជាក់ថា កម្ពុជាបានឯកភាព ទទួលស្គាល់ស្តង់ដារសុវត្ថិភាពយានយន្តអាមេរិក សម្រាប់ទីផ្សារកម្ពុជា ហើយក៏បានឯកភាពគ្នា ឲ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ រៀបចំឯកសារគតិយុត្តិ ដើម្បីត្រៀមចុះហត្ថលេខាជាមួយគ្នា នាពេលខាងមុខ។
ទាក់ទងវិស័យ សហគ្រាសធុនតូច និងមធ្យម លោក ចម ប្រសិទ្ធ បានឲ្យដឹងថា វិស័យនេះនៅកម្ពុជា ជាង៥សែន មូលដ្ឋាន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ប៉ុន្តែការចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ ត្រឹម៥%ប៉ុណ្ណោះ ដែលក្រសួងកំពុងខិតខំជំរុញបន្ថែមទៀត៕