លោកជា សុផារ៉ា ថាវិវាទដីធ្លីថយចុះខណៈពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តកោះកុងកំពុងធ្វើការតវ៉ានៅមុខក្រសួង

0

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអះអាងថាចំនួនវិវាទរឿងដីធ្លី និងការប្ដឹងតវ៉ាមានការថយចុះ គួរឲ្យកត់សម្គាល់ ខណៈ ប្រជាពលរដ្ឋប្រមាណ ជាង១០០នាក់ មកពីឃុំជីខលើ ស្រុកស្រែអំបិល ដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុងចាប់តាំងពី ឆ្នាំ២០០៦ មក បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីដាក់ញត្តិដល់ក្រសួងស្នើសុំឱ្យជួយអន្តរាគមន៍ជំរុញក្រុមហ៊ុន ថេតអិនឡាយ ដោះស្រាយផ្តល់សំណងដល់ពួកគេក្នុងទំនាស់ដីធ្លីនេះ។

ក្នុងសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ បន្តឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា “ក្រសួងបានខិតខំដោះស្រាយ វិវាទដីធ្លី គ្រប់រូបភាព ដោយប្រើប្រាស់យន្តការ គណៈកម្មការសុរិយោដី ក្រុមការងារដោះស្រាយ វិវាទចល័ត និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ធ្វើឲ្យចំនួនវិវាទ និងការប្ដឹងតវ៉ាថយចុះ ធានាបាននូវយុវត្តិធម៌និងភាពសុខដុមរមនានៅក្នុងសង្គម” ។

លោករដ្ឋមន្រ្តីឲ្យដឹងបន្តទៀតថា ក្រសួងបានបន្តខិតខំ គ្រប់គ្រង ប្រើប្រាស់ និងការបែងចែកដីធ្លី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធិភាព និងចីរភាព ក្នុងគោលដៅបង្កើនប្រាក់ចំណូលជូនជាតិ ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ៕