ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានកុមារីក្រីក្រម្នាក់ដែលមានឱពុកជាជនពិការ រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយមានដុំគីសដោះយ៉ាងធំពុំមានលទ្ធភាពព្យាបាលនោះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានចិត្តអាណិតអាសូរជាពន់ពេក និងបានចាត់ឱ្យក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជួយសម្របសម្រួលជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ធ្វើការពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃនេះបានឲ្យដឹងថា ពេលនេះក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយធ្វើការច្រឹបយកសាច់ដោះដើម្បីវិភាគមើលថា តើជាប្រភេទសាច់កាច ឬស្លូត ហើយនឹងធ្វើការព្យាបាលបន្ត ។
ប្រភពដដែលបន្ថែមថាប្អូនស្រីនិងក្រុមគ្រួសារបានលើកសម្បូងសម្រូងទាំងទឹកភ្នែកថ្លែងអំណរគុណដល់លោកហ៊ុន ម៉ានី និងលោកស្រីដែលបានជួយដល់ជីវិតប្អូន និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក លី ចាន់តុលា និងក្រុមការងារចុះជួយឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏ដូចជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យផងដែរ ៕


