ភ្នំពេញ៖ លោកឈុន ដាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនកូនប្រុសអធិការនគរបាលក្រុងបាវិតដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រហារស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» បណ្តាលឲ្យស្លាប់កាលពីពេលថ្មីៗនេះ។
យោងតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៩របស់ចៅក្រម ឃុន ដាវីបានឲ្យដឹងថា អធិការរងនគរបាលរូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
សូមរំលឹកថា
ម្ចាស់ហាង «តន្រ្តីសំណាងអាណេ» ឈ្មោះសឿន ស្រីណេ អាយុ៣៨ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនស្រីម្នាក់ មានស្រុកកំណើតភូមិក្រាំងអាត ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប៉ុន្តែនាងបានទៅបើកហាងរកស៊ី នៅក្រុងបាវិតនាប៉ុន្មានឆ្នាំមកហើយ។
ស្រ្តីរងគ្រោះត្រូវបានអធិការរងនគរបាលក្រុងបាវិតលោក កែវ ចិត្រា ដែលលទើបឡើងតួនាទីក្នុងរយៈពេលមួយសប្តាហ៍បានបាញ់ប្រហារបណ្តាលឲ្យស្លាប់នៅវេលាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ដ្រីរងគ្រោះបាន ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ។
អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង៕



