បុណ្យសមុទ្របីថ្ងៃនៅខេត្តកំពតទទួលភ្ញៀវបានប្រមាណ៩០ម៉ឺននាក់និងបញ្ចប់ដោយជោគជ័យ

0

ភ្នំពេញ៖ នាយប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត លោក ជាវ តាយអភិបាលខេត្តកំពតបានមានប្រសាសន៍ថា រយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ៩០ម៉ឺននាក់។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល២០ម៉ឺននាក់។ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវបានកើនឡើងរហូតដល់ប្រមាណ៤០ម៉ឺននាក់។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់។

ថ្លែងក្នុងឱកាសនេះលោក ថោង ខុន បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតពោរពេញដោយភាពជោគជ័យសម្រាប់ជាគំរូដល់បណ្តាខេត្តដទៃទៀត។ ភាពជោគជ័យនេះត្រូវបានសម្តេចតេជោ​ ពោលកោតសរសើរ និងគាំទ្រពេញទំហឹង។
លោករដ្ឋមន្ត្រីបានបន្តថាតាមរយៈពិធីបុណ្យដ៏អធិកអធមនេះបានធ្វើឱ្យសាធារណជនទូទៅស្គាល់ខេត្តកំពតកាន់តែច្បាស់ ពិសេសជ្រួតជ្រាបអំពីសក្តានុពលដែលមានទាំងប៉ុន្មានក្នុងខេត្ត ដូចជាការនាំយកផលិតផលដែលខេត្តដទៃមិនអាចធ្វើបានមកដាក់តាំងបង្ហាញឱ្យភ្ញៀវបានឃើញបានស្គាល់នូវរសជាតិដោយផ្ទាល់៕