ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា គណៈកម្មការជ្រើសរើសបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់គោលការណ៍របស់ក្រសួង ការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ធ្វើយ៉ាងណាឱ្យការប្រលងនេះមានភាព ត្រឹមត្រូវ, តម្លាភាព និងយុត្តិធម៌ ធានាបានទំនុកចិត្តរបស់ប្អូនៗជាបេក្ខជន ដោយអ្នកចេះ គឺជាប់ ហើយជាប់ដោយមោទនភាព និងបើមិនទាន់ជាប់ ក៏អស់ចិត្ត ព្រោះអ្វីៗត្រូវបានរៀបចំបានត្រឹមត្រូវ។
ថ្លែងក្នុងពិធីបើកដំណើរការប្រឡងជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោកជំនាន់ទី១២ នាយទាហានបន្តវេនជំនាន់ទី១៣ និងនាយទាហានជំនាញបច្ចេកទេសយោធានា ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានបញ្ជាក់ថា”យ៉ាងណាក៏ដោយ ជោគជ័យនៃការងារនេះ ក៏ចាំបាច់ត្រូវមានការចូលរួមរបស់ ប្អូនៗជាបេក្ខជន ដោយប្អូនៗត្រូវខិតខំប្រលងប្រជែងដោយខ្លួនឯង និងចៀសវាងដាច់ខាតចំពោះការស្វះស្វែងរកអន្តរាគមន៍ ឬពឹងពាក់អ្នករត់ការ ដែលជាអំពើខុសច្បាប់ ហើយបើមានដឹងអំពីករណីនេះ សូមរាយការណ៍មកគណៈកម្មការជ្រើសរើស ដើម្បីចាត់វិធានការណ៍។
ការធ្វើបែបនេះ គឺមិនមែនត្រឹមជាការជួយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមជួយដល់ប្រព័ន្ធអប់រំ និងប្រព័ន្ធជ្រើសរើសនាយទាហានរបស់យើង”។
បន្ថែមពីលើនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមកោតសរសើរប្អូនៗសិស្ស-និស្សិត ដែលបានសម្រេចដាក់ពាក្យប្រឡងចូលសិក្សាវគ្គនាយទាហាននេះ ដែលមានន័យថា ប្អូនៗបានសម្រេចចិត្តជ្រើសរើសយកអាជីពជាយោធា ដើម្បីបម្រើជាតិមាតុភូមិរបស់យើង ដោយចំនួនបេក្ខជនមានរហូតដល់ ៨,០០០ នាក់ ក្នុងនោះនឹងត្រូវបានជ្រើសរើស ៦២០ នាក់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតផ្តាំផ្ញើដល់ប្អូនៗបេក្ខជន ត្រូវខិតខំប្រឡងប្រជែងដោយខ្លួនឯង ជឿជាក់លើសមត្ថភាពខ្លួនឯងថាអាចធ្វើបាន កុំពឹងផ្អែកលើអ្នកដទៃ ជាពិសេសត្រូវមានវត្តមាន និងខិតខំប្រឹងប្រែងចូលរួមឱ្យបានគ្រប់វិញ្ញាសារទាំងអស់ដើម្បីទទួលបានឱកាសជោគជ័យនៅក្នុងការប្រឡងជ្រើសរើសនេះ៕