ភ្នំពេញ៖ បន្ថែមពីការបញ្ជាឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ចុះពិនិត្យករណីនាយទាហានម្នាក់ ចាក់ដីលុបសមុទ្រ នៅខេត្តកោះកុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសដកនាយទាហានរូបនោះចោលពីក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ។
ក្នុងឱកាសចូលរួម បើកសម្ពោធបុណ្យសមុទ្រ លើកទី៨ ជុំទី២ កាលពី រាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា “ខ្ញុំស្នើឲ្យឯកឧត្តមជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ តើវាមានពិតទេ ហាក់ដូចជាមាន នាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ។ ប្រសិនបើមានករណីនេះ ខ្ញុំមិនអនុញ្ញាត ឲ្យពួកគេស្ថិតនៅជានាទាហានកម្ពុជា តទៅទៀតទេ។ បើទុកយ៉ាងដូច្នេះ ពួកគេនឹងក្លាយទៅជា អ្នកកសាងរដ្ឋ នៅក្នុងរដ្ឋហើយ មិនអាចអនុញ្ញាតឲ្យមានទេ”៕