ភ្នំពេញ៖ស្ត្រីម្ចាស់ហាងសំណាងអាណេដែលអធិការរងនគរបាលឈាមរាវក្រុងបាវិតបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នៅភោជនីដ្ឋានយីហោ “សំណាងអាណេ” មានទីតាំងស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នោះបានស្លាប់បាត់ជីវិតហើយនៅវេលាថ្ងៃត្រង់ថ្ងៃនេះដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក។
កាលពីវេលាយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩មានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ កែវ ចិត្រ្តា (ហៅចិត្ត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអធិការងក្រុងបាវិត មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានផឹកស្រាស្រវឹង ហើយយកកាំភ្លើងខ្លីម៉ាក NP-42 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បាញ់ទៅលើជនរងគ្រោះឈ្មោះ សឿន ស្រីណេ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ភោជនីយដ្ឋាន សំណាងអាណេ មានទីលំនៅភូមិក្រាំងអាត ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រូវចំក្បាលមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់។ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៍បានចូលខ្លួនទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ប្រភពបានបង្ហើបឲ្យដឹងថាជនសង្ស័យឈ្មោះកែវ ចិត្រាដែលមានតួនាទីជាអធិការរងក្រុងបាវិតទទួលផែនគ្រឿងញៀនដែលបាញ់ប្រហារទៅម្ចាស់ហាងសំណាងអាណេនេជាមន្ត្រីប៉ូលិសនៅក្រុងបាវិតទើបតែប្រកាសតែងតាំងជាអធិការរងបាន៥ទៅ៦ថ្ងៃប៉ុណ្ណោះ។ហើយជនសង្ស័យនេះអ្នកក្រុងបាវិតមួយចំនួនបានស្គាល់ថាជាមនុស្សមានចរឹកមិនសូវល្អមានអំនួតអួតក្អេងក្អាងជាក្មេងទំនើងយូហើយស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលទៀតឪអធិការកូនអធិការរង។
រហូតមកដល់ព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩នេះជនល្មើសត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការសាលាដំបូងខេត្តស្វាយរៀងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕








