ហួស​ចិត្ត​! រដ្ឋបាលខេត្តបាត់ដំបងស្នើឲ្យរុះរើស្ពានថ្មចាស់បន្សល់ពីសម័យបារាំងអាយុ១០០ឆ្នាំ

0

ភ្នំពេញ ៖ លោកស្រី ភឿ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនឯកភាពចំពោះសំណើររបស់រដ្ឋបាលខេត្តបាត់ដំបង ចំពោះសំណើរឲ្យរុះរើស្ពានថ្មចាស់សល់ពីសម័យបារាំងដែលមានអាយុកាលប្រមាណជា១០០ឆ្នាំ។ស្ពាននេះ ស្ថិតនៅមុខសាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមលិខិតលោកស្រីរដ្ឋមន្ត្រី ផ្ញើជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា “រដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងនេះ ប៉ុន្តែក្រសួង យល់ឃើញថា ពុំគួរធ្វើការរុះរើទេ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ”។

បើតាមលោកស្រី ភឿង សកុណា ស្ពានបានកសាងក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុង នៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបដីយកម្ម និងបរិស្ថាន។

លោកស្រីថា ស្ពាននេះចាត់ទុកជាមរតកដ៏កម្រមួយដែល បន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង។

ជាមួយគ្នានេះ លោកស្រីស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដី ដើម្បីចុះទៅពិនិត្យសិក្សាផ្ទាល់ដល់ទីតាំងនៅថ្ងៃទី១៩-២០ ធ្នូ ក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍
និងអភិវឌ្ឍន៍ ដើម្បីអភិរក្សប្រកបដោយចីរភាព។
បច្ចុប្បន្នវត្ថុបុរាណរបស់ខ្មែរជាច្រើនត្រូវបានអភិរក្សទុកជាប្រវត្តិសាស្រ្ត ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងនិងស្គាល់៕