ភ្នំពេញ៖ឆ្លើយតប ជុំវិញបញ្ហាការបិទល្បែងអនឡាញ ក៏ដូចជាការសម្រុកចេញ ពីសំណាក់ភ្ញៀវទេសចរនិងអ្នកវិនិយោគចិន នៅខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ទាំងការសម្រុកមកនិងចេញទៅវិញរបស់វិនិយោគិនចិន នៅខេត្តព្រះសីហនុបណ្ដាលឲ្យ រាជរដ្ឋាភិបាលរងសម្ពាធដូចគ្នាហើយសម្ពាធ ដែលសម្ដេច បានលើកឡើងនេះគឺសំដៅទៅលើ ការគ្រប់គ្រងសន្តិសុខ នឹងការអភិវឌ្ឍន៍ នៅខេត្តព្រះសីហនុ ។
សូមរំលឹកថា រាជរដ្ឋាភិបាលបានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបើកល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមអ៊ីនធឺណែតទាំងក្នុងនិងក្រៅប្រទេស ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយលើកហេតុផលថាអាជីវកម្មប្រភេទនេះបានជួយផ្ដល់ឱកាសឲ្យជនបរទេសក្នុងការលាក់ខ្លួនធ្វើសកម្មភាពបទល្មើសជំរិតទារប្រាក់ពីជនរងគ្រោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ ពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធ របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា “ខ្ញុំក៏មិនទាន់ហ៊ានវាយតម្លៃថាយ៉ាងម៉េចទេ ប៉ុន្តែគ្រាន់ថា កាលដែលជនបរទេសជាពិសេសជនជាតិចិន មកច្រើន ក៏រាជរដ្ឋាភិបាលទទូលរងសម្ពាធ ហើយពេលចិនចេញទៅវិញ ក៏រាជរដ្ឋាភិបាលរងសម្ពាធដែរ”៕