សំណង់ឡៅតឿផ្សារអូរឫស្សីនឹងត្រូវជួសជុល​ អាជ្ញាធរ​អំពាវនាវ​ឲ្យ​អាជីវករ​ប្ដូរ​ទីតាំង​លក់​ដូរ​ជាបណ្ដោះអាសន្ន

0

ភ្នំពេញ​៖ អាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លីទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បី បង្កលក្ខណៈឱ្យក្រុមការងារបច្ចេកទេសសំណង់ធ្វើការជួសជុលជាបន្ទាន់ឡើងវិញ ព្រោះ សំណង់ឡៅតឿផ្សារអូរឫស្សីមានសភាពបែកប្រេះស្រាំ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណ ជន និងបងប្អូនអាជីវករនៅក្នុងផ្សារអូរឫស្សីទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្នសំណង់អាគារ ផ្សារអូរប្ញស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែ សំណង់ឡៅតឿប៉ុណ្ណោះ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរ បន្តទៀតអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ដូចនេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលកើតមាន ឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅ លើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជា បណ្តោះ អាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេស សំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ ដូរនៅកន្លែងដើមវិញ ប្រកប ដោយសុវត្ថិភាព និងសោភណភាព៕