ក្រសួងកសិកម្មចេញមុខប្រតិកម្មចំពោះមតិរិះគន់រឿងតម្លៃស្រូវចុះថោក

0

ភ្នំពេញ៖ស្របពេលដែលតាមបណ្តាខេត្តមួយចំនួនបាននិងកំពុងមមាញឹកក្នុងការប្រមូលផលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអះអាងថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកឡើយ គឺស្រូវនៅមានតម្លៃសមរម្យនៅជាធម្ម្មតា លើកលែងតែស្រូវដែលមានគុណភាពអន់តែប៉ុណ្ណោះ។

សូមរំលឹកថា​ថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន បានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងពាក់ព័ន្ធនឹងតម្លៃស្រូវគ្រប់ប្រភេទ មានការធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ មានដូចជាៈខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃឱ្យសមស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា “ចំពោះករណីនេះបើតាមការស្រាវជ្រាវព័ត៌មាន ពីបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញថា នៅតាមបណ្តាខេត្តដែលបាននិងកំពុងមមាញឹក ក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមានគុណភាពអន់ ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និង
ប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ”។

តាមសេចក្ដីប្រកាសព័ត៌មានបញ្ជាល់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារ ក្នុងគោលដៅដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញផងដែរ។

សេចក្ដីប្រកាសបន្ថែមថា នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងធ្វើពិធីប្រកាសជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានការអនុញ្ញាតនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សារអង្ករនិងធានាបាន
នូវស្ថិរភាពតម្លៃទីផ្សារស្រូវអង្កររបស់ប្រជាកសិករ៕