ប្លែក៖ ថ្មីៗនេះប៉ូលីសមកពីទីប្រជុំជន Taiyuan ក្រុងស៊ូចូវខេត្តជាំងស៊ូប្រទេសចិនបានចាប់ខ្លួនបុរសវ័យកណ្តាលម្នាក់ពីបទរំលោភលើសិទ្ធិឯកជនរបស់អ្នកដទៃ។
យោងតាមគេហទំព័រ Sina បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ថាបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីស្ត្រីម្នាក់ថាមានការបំពាក់កាម៉េរ៉ាជាច្រើន ក្នុងផ្ទះរបស់គាត់ ភ្លាមៗប៉ូលិសក៏បានធ្វើការស៊ើបអង្កេត ហើយមិនយូរប៉ុន្មានសមត្ថកិច្ចក៏បានឈានដល់ការស្រាវជ្រាវដឹងថាអតីតស្វាមីរបស់ ស្ត្រីខាងលើ ជាអ្នកស្ថិតនៅពីក្រោយនៃករណីនេះ។ ក្នុងនោះជនសង្ស័យឈ្មោះ Zhang ក៏ត្រូវបានចាប់ខ្លួនភ្លាមៗ ។
ជនសង្ស័យខាងលើ បានអះអាងប្រាប់សមត្ថិកិច្ចថា បន្ទាប់ពីលែងលះជាមួយភរិយា គាត់មានអារម្មណ៍ថាជំពាក់អ្វីៗគ្រប់យ៉ាងចំពោះអតីតភរិយា ដោយចង់ជួយនាង ទៅតាមអ្វីដែលអាចធ្វើបាន ប៉ុន្តែបារម្ភថានាងមានស្វាមីថ្មី ។ ដោយហេតុនេះ លោកក៏បានសម្រេចចិត្តជួលផ្ទះថ្មីមួយជូនដល់ អតីតភិរយា ហើយក៏បានបំពាក់កាម៉េរ៉ាពាស់ពេញផ្ទះ។
ជនសង្ស័យខាងលើបានបន្តថា រៀងរាល់ថ្ងៃ លោកតែងតែតាមដានសកម្មភាពអតីតភរិយារបស់លោក តាមរយៈទូរស័ព្ទដៃ ដែលរូបភាពទាំងនេះ បានពីកាម៉េរ៉ា ដែលភ្ជាប់ទាំងក្នុងបន្ទប់ទឹក និងបន្ទប់គេង ។ ក្នុងនោះដែរ សមត្ថកិច្ចបានរកឃើញវីដេអូមួយចំនួនធំ ដែលបានមកពីស្មាតហ្វូន របស់ជនសង្ស័យផងដែរ ។
បច្ចុប្បន្នប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតនិងដោះស្រាយតាមនីតិវិធី ៕