កសិករមានសង្ឃឹមហើយ ! នាយករដ្ឋមន្រ្តីចេញមុខអំពាវនាវកុំឲ្យមានការទម្លាក់តម្លៃស្រូវ

0

ភ្នំពេញ៖ ស្របពេលតម្លៃស្រូវកំពុងតែធ្លាក់ចុះជាបន្តបន្ទាប់ជាទីគួរឲ្យព្រួយបារម្ភរបស់ប្រជាកសិករនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់កុំបង្អាប់ ឬទម្លាក់តម្លៃស្រូវ ដែលធ្វើឲ្យប្រជាកសិករទឹកភ្នែក ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកល វិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃទី១១ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជាមួយគ្នានោះដែរ ក៏សូមយកឱកាសនេះ អំពាវនាវចំពោះម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីប្រជាពលរដ្ឋ មេត្តាកុំទម្លាក់តម្លៃស្រូវប្រជាជន ក្នុងពេលដែលគាត់កំពុងច្រូតកាត់…យើងយល់ហើយអំពីក្រឹត្យក្រមនៃសេដ្ឋកិច្ច…ក៏ប៉ុន្តែខ្ញុំសូមអំពាវនាវ ចំពោះម៉ាស៊ីនកិនស្រូវ កន្លែងស្តុកស្រូវដែលទទួលទិញស្រូវ ពីកសិករសូមកុំបង្អាប់ថ្លៃស្រូវ របស់ប្រជាជន» ។

សម្ដេចបន្តថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកា ៥០លានដុល្លារ ដើម្បីជួយរក្សាតម្លៃស្រូវឲ្យប្រជាពលរដ្ឋ មិនមែនឲ្យយក ៥០លានដុល្លារនេះ ទៅច្របាច់កប្រជាជនតាមរយៈការទម្លាក់ថ្លៃនោះទេ ។ បញ្ហានេះសម្ដេចតេជោ បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ត្រួតពិនិត្យឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។

សម្ដេចបន្តទៀតថា ទាំងស្រូវវស្សា និងស្រូវប្រាំងកំពុងច្រូតកាត់ ដែលធ្វើឲ្យស្រូវមានចំនួនច្រើន ប៉ុន្តែតម្លៃស្រូវត្រូវធ្លាក់ចុះ ដូច្នេះសុំឲ្យបណ្ដារោងម៉ាស៊ីនកិនស្រូវទាំងអស់ ទទួលការទិញស្រូវក្នុងតម្លៃសមរម្យ កុំទម្លាក់ថ្លៃទាបជ្រុលពេក ដែលធ្វើឲ្យប្រជាកសិករជួបការលំបាក ។

សម្ដេចគូសបញ្ជាក់ថា សភាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងកសិកម្ម ក៏ត្រូវពិនិត្យមើលបញ្ហានេះឲ្យបានដិតដល់ ដើម្បីចៀសវាងនូវការឃើញ ផលស្រូវប្រជាពលរដ្ឋច្រើន ធ្វើឲ្យមានការទម្លាក់តម្លៃស្រូវរបស់ពួកគាត់ ដែលជារឿងមិនគួរគប្បីទេ ។ សម្ដេចថា យើងមានទីផ្សារនាំចេញទៅក្រៅ ក៏កាន់តែច្រើន ដូចជា ៦០ប្រទេសដែលកម្ពុជានាំចេញទៅ ។

ដោយឡែកស្របពេលដែលកម្ពុជា កំពុងជួបគ្រោះរាំងស្ងួត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់ពលរដ្ឋឲ្យរក្សាទឹកទុក និងធ្វើស្រែប្រាំងតែមួយលើកបានហើយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដាំដំណាំជំនួសឲ្យការធ្វើស្រែប្រាំងវិញ ។
សម្ដេចថ្លែងថា «ចំណុច ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺសំដៅលើការអំពាវនាវ បន្ទាប់ពីការចេញសារាចរណ៍មួយ របស់ខ្ញុំព្រះករុណាខ្ញុំ ជូនចំពោះប្រជាកសិករ អំពីការថែទាំទឹក និងកាត់បន្ថយការធ្វើស្រែប្រាំងបន្ថែមទៀត» ។
សម្ដេចបន្ថែមថា ចំពោះការប្រែប្រួលអាកាសធាតុ គឺកម្ពុជាមានសំណាងជាងគេ បើប្រៀបធៀបជាមួយថៃ ឡាវ និងប្រទេសក្នុងតំបន់ ។ ស្ថានភាពទឹកទន្លេមេគង្គ កម្រមានកម្រិតទាបបែបនេះណាស់ ខណៈកម្ពស់ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ហក់ឡើងលើសកម្រិតប្រកាសអាសន្ន ។ សម្ដេចថា តាមធម្មតាមានទឹកជំនន់លើកទី១ និងលើកទី២ ប៉ុន្តែឆ្នាំនេះទឹកជំនន់មានតែម្ដង រួចធ្លាក់ទៅវិញរហូត ។

សម្ដេចតេជោមានប្រសាសន៍ថា ឥឡូវនេះទឹកកាន់តែធ្លាក់ អាចនាំមកនូវផលប៉ះពាល់ ដែលប៉ះពាល់ដំបូងគឺប្រទេសវៀតណាម ជាក់ស្ដែងកាលពីឆ្នាំ២០១៦ វៀតណាមធ្លាប់ជួបប្រទះបញ្ហានេះម្ដង ។ បើសិនជាកម្រិតទឹកធ្លាក់កាន់តែទាប ទឹកសមុទ្រមិនមែនហូរ ចូលត្រឹមវៀតណាមទេ អាចហូរចូលដល់អ្នកលឿងក៏ថាបានដែរ ។ សម្ដេចក៏បានឲ្យក្រសួងពាក់ព័ន្ធ ត្រៀមបង្កានិងទប់ស្កាត់ បើសិនកើត មានករណី ដូចកាលពីឆ្នាំ២០១៦ ។

សម្ដេចលើកឡើងទៀតថា ប៉ុន្តែអ្វីដែលសំខាន់ ទឹកនៅតាមបឹង ប្រឡាយ ត្រពាំង ត្រូវតែសន្សំសំចៃ ដូច្នេះហើយបានសម្ដេច អំពាវនាវឲ្យប្រជាពលរដ្ឋធ្វើស្រូវប្រាំងតែមួយលើក និងមួយលើកទៀតគួរ ប្ដូរទៅជាដាំដំណាំអ្វីផ្សេង ដែលប្រើប្រាស់ទឹកតិចជាធ្វើស្រូវប្រាំង ។ កម្រណាស់ឆ្នាំមុន ស្ទើរតែគ្មានខែរងារ ប៉ុន្តែឆ្នាំនេះខែរងារគឺមានរយៈពេលវែង ហើយតាមការព្យាករណ៍ អាចរងាររហូតដល់ខែមករាទៀត ដែលនេះជាប្រការល្អណាស់ ធ្វើឲ្យទឹកមិនហួតហែងលឿនពេក និងចំណេញអគ្គិសនី ដែលបញ្ហាទាំងនេះក៏ធ្វើឲ្យចំណេញ ដល់សេដ្ឋកិច្ចជាតិធំណាស់ដែរ ។ សម្ដេចថា បើរដូវរងារមានរយៈពេលយូរ គឺ ចំណេញដល់សេដ្ឋកិច្ចជាតិច្រើន ដោយក្នុងមួយខែៗ អាចដល់រាប់លានដុល្លារឯណោះ ៕