ក្រោយធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត្រ‌! សម្តេចតេជោអាចនឹងឈប់ទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស

0

ភ្នំពេញ៖ក្រោយពេលដែលមន្ទីរពេទ្យកាល់ម៉ែត សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចរាល់ចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងពិចារណាឈប់ទៅធ្វើការពិនិត្យ និងព្យាបាលជំងឺ នៅក្រៅប្រទេសទៀតហើយ។

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា” ប៉ុន្តែនៅពេលដែលមន្ទីរពេទ្យ (កាលម៉ែត្រ)នេះ រៀបចំសព្វគ្រប់ទៅជាពហុឯកទេស ខ្ញុំកំពុងគិតខ្លួនឯងថា ខ្ញុំបញ្ចប់ការទៅពិនិត្យ និងព្យាបាលខ្លួនឯងនៅខាងក្រៅ (ប្រទេស)។ ខ្ញុំប្រើប្រាស់អ្នកឯកទេសខ្មែរតែម្តង ព្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ មានកន្លែងរៀបចំសម្រាប់តាំងពីព្រះមហាក្សត្រ តាំងពីឥស្សរជននានា ក៏មាននៅមន្ទីរពេទ្យកាល់ម៉ែត្រដែរ”។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន អះអាងថា ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ បណ្ណសមធម៌ និងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) នឹងទទួលបានការពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដោយមិនបង់ថ្លៃ។ ដោយឡែកអ្នកមានលទ្ធភាព ត្រូវបង់ថ្លៃសម្រាប់ការព្យាបាលដើម្បីឲ្យមន្ទីរពេទ្យកាល់ម៉ែត្រមានសមត្ថភាពចិញ្ចឹមខ្លួន​ឯង និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលផងដែរ។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ថា រហូតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមក្នុង មន្ទីរពេទ្យកាល់ម៉ែត្រ មានរហូតដល់ ជាង៧២លានដុល្លារ ព្រមទាំង ថវិការដ្ឋផ្ដល់ជូនចំនួន៣០លានដុល្លារ ដើម្បីធ្វើកសាងអគារមន្ទីរថ្មី មានកម្ពស់១២ជាន់ ចំណែកជាន់ក្រោមដី ចំនួន២ជាន់ គ្រោងចំណាយថវិកា ជិត៤០លានដុល្លារ។ ប៉ុន្ដែ មន្ទីរពេទ្យកាល់ម៉ែត្រ បានរកថវិកាខ្លួនឯង បាន៧លានដុល្លារ៕