អគ្គ​កុងស៊ុល​ចិន​​សុំ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​បង្កើន​ទំនាក់ទំនង​ជាមួយនគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រឹង​មាំ​

0

​ភ្នំពេញ​៖​ អគ្គ​កុងស៊ុល​ថ្មី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ូ​ វ៉ៃ​ បាន​ចូល​ជួប​សំដែង​ការ​គួរសម​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​លើក​ឡើង​ពី​កិច្ច​ពង្រឹង​សហប្រតិបត្តិការ​លើ​ការងារ​សន្តិសុខ​ និង​បង្កើន​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹង​មាំ​ ។​នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

​អគ្គ​កុងស៊ុល​ថ្មី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ូ​ វ៉ៃ​ ក៏​បាន​លើក​ឡើង​ និង​អរគុណ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​កន្លង​មក​ មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថានទូត​ចិន​ ក៏​ដូច​ជា​សមត្ថកិច្ច​ចិន​លើ​ការងារ​សន្តិសុខ​ និង​ជា​ពិសេស​បានការ​ពារ​រក្សា​សុវត្ថិភាព​ជនជាតិ​ចិន​ដែល​មក​វិនិយោគ​ និង​មក​ទេសចរ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ក៏​ដូច​ជា​ធ្លាប់​ទប់ស្កាត់​ និង​បង្ក្រាប​បាន​ទាន់​ពេ​វេលា​ជនជាតិ​ចិន​ខិលខូច​មួយ​ចំនួន​តូច​ ដែល​បាន​ចាប់ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ នៅ​ស្ថានទូត​ចិន​កន្លង​ទៅ​នេះ​ ។​ លោក​ចង់បាន​ឱ្យ​ការ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​នេះ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។​

លោក​ ហ៊ូ​ វ៉ៃ​ ក៏​បាន​លើកទឹកចិត្ត​ដល់​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ ចាត់វិធានការ​ចំពោះ​ជនជាតិ​ចិន​ខិលខូច​បង្ក​អសន្តិសុខ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ពីព្រោះ​មិន​ចង់ឱ្យ​មាន​ជនជាតិ​ចិន​មួយ​ក្តាប់​តូច​បង្ក​បញ្ហា​អសន្តិសុខ​ ហើយ​ប៉ះពាល់​កិត្តិយស​ជនជាតិ​ចិន​ដែល​ល្អៗ​ មក​រកស៊ី​បណ្តាក់ទុន​ស្របច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​មិន​ចង់ឱ្យ​ប៉ះពាល់​ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា​ ។​

​កិច្ច​ពិភាក្សា​នោះ​ផង​ដែរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ជម្រាប​ជូន​ដល់​អគ្គ​កុងស៊ុល​ថ្មី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​ ឱ្យ​ដឹង​ថា​កម្លាំង​ការពារ​សន្តិសុខ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ការពារ​រក្សា​សុវត្ថិភាព​ជូន​ដល់​ជនបរទេស​ទូទៅ​ដែល​មក​បណ្តាក់ទុន​រកស៊ី​និង​មក​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​សមត្ថកិច្ច​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ការពារ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ទាន់​ពេលវេលា​រាល់​សភាពការណ៍​បទល្មើស​កើតឡើង​គឺ​ធ្វើ​យ៉ាងណា​ការពារ​សន្តិសុខ​ធានា​សុវត្ថិភាព​ជូន​អ្នក​វិយោគ​ និង​អ្នកទេសចរ​បរទេស​ឱ្យ​បាន​ល្អ​ដើម្បី​ផ្តល់​ជំនឿ​ ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ ពីព្រោះ​អ្នកទេសចរ​ និង​អ្នក​វិ​ន​យោគ​ទុន​បរទេស​បាន​ចូលរួម​ចំណែក​ធំធេង​ ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ ។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ជម្រាប​ជូន​ទៀត​ថា​កន្លង​មក​សមត្ថកិច្ច​កម្ពុជា​ និង​សមត្ថកិច្ច​ចិន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​បាន​ចូលរួម​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជា​ច្រើន​សម្រេច​បាន​លទ្ធផល​ល្អ​ផង​ដែរ​ ៕