ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្លាកលេខរថយន្តដែលគ្មានQRCode នឹងអាចទៅដូរយកស្លាកលេខថ្មីដែលមាន QR Code ដោយគ្មានការតម្រូវឲ្យបង់ប្រាក់នោះឡើយ ក្រោយពេលមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុញ្ញាតសម្រួលរាល់ការចំណាយថ្លៃសេវានេះខណៈដែលបច្ចប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃគម្រោងសំណើចរចារវាងក្រសួងទាំងពីរ។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនិង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្រសួងបានដាក់លិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគម្រោងចំណាយថវិការដ្ឋប្រមាណ៣លានដុល្លារ សម្រាប់ចំណាយដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានរថយន្តប្រើប្រាស់ស្លាកលេខចាស់គ្មានQR Code ទាំងអស់ សុំប្តូរយកស្លាកលេខថ្មីដែលមាន QR Code ដោយពុំចាំបាច់បង់ថ្លៃសេវា។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រថយន្តដែលត្រូវសុំប្តូរស្លាកលេខថ្មីមាន QR Code ត្រូវតែធ្វើបច្ចុប្បន្នភាព ដូចជាការផ្ទេរឈ្មោះម្ចាស់កម្មសិទ្ធិចុងក្រោយ និងទីលំនៅត្រឹមត្រូវពិតប្រាកដ។
លោកមានប្រសាសន៍ថា ការតម្រូវឲ្យម្ចាស់រថយន្តប្រើប្រាស់ស្លាកលេខចាស់គ្មានQR Code ប្តូរយកស្លាកលេខថ្មីដែលមាន QR Code នេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ខណៈបច្ចុប្បន្នមានការក្លែងបន្លំទៅលើការស្លាកលេខរថយន្តក្លែងក្លាយ ឬ ហៅថា ស្លាកលេខ«សេះហោះ»៕