ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកស្រី ខាមិន មូរីណូ ( Carmen Moreno ) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនេះ សម្តេចហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតថ្មីរបស់លោកស្រីខាមិន មូរីណូ នៅកម្ពុជា ដែលពិតជាមានសារៈសំខាន់ណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា កម្ពុជា-សហភាពអឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នាកសាង នូវវិបុលភាពដល់ប្រជាជនទាំងសងខាង មិនតែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ ។
លោកស្រីខាមិន មូរីណូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្នុងរយៈពេលប្រមាណជាង២៥ឆ្នាំ កន្លងមកនេះ សហភាពអឺរ៉ុប បានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ។ហើយបេសកកម្មនេះ សហភាពអឺរ៉ុប នៅតែមានឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគំាទ្រដល់ការរីកចម្រើនរបស់កម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងបន្តថា ជំនួយគំាទ្ររបស់សហភាពអឺរ៉ុបមកកម្ពុជានាពេលកន្លងមក មានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់នៅក្នុងការចូលចំណែកការអភិវឌ្ឍប្រទេសជាតិ។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និង ពេញចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីឱ្យបេសកកម្មការទូត របស់លោកជំទាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។
សម្តេចប្រធាន សង្ឃឹមថាលោកស្រីឯកអគ្គរដ្ឋទូត នឹងបានស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ពិសេសគឺការថែរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់របស់កម្ពុជា៕