ភ្នំពេញ ៖ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការលុបបំបាត់ឧបសគ្គនានាដើម្បីបង្កើនឱកាសការងារដល់ជនពិការ ជាពិសេសបង្កើតយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្តដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរោះ ប្រមាថ មាក់ងាយ និងរើសអើងពួកគេឡើយ។
ក្នុងពិធីអបអរសាទរសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា “រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពរួមទាំងបង្កើតនូវយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្តដល់ជនមានពិការភាព ដោយមិនអនុញ្ញាតឲ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ ស្តីពី កិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការដែលបានអនុម័តប្រកាសឲ្យប្រើតាំងពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩” ។
សម្ដេចបន្ដថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ។
សម្ដេចថា សិទ្ធិរបស់ជនមានពិការភាពក៏ត្រូវបានការពារដោយច្បាប់ជាតិ-អន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាពការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើង ដើម្បីធានាសិទ្ធិស្មើភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងមិនមានពិការភាព។
សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយពួកគេនិងក្រុមគ្រួសារឲ្យទទួលបានគុណភាពជីវិតល្អប្រសើរគ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយគុណភាព៕