ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឧបត្ថម្ភចំពោះអ្នកស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារសាលាឆាន់នៅខេត្តសៀមរាប ក្នុងម្នាក់ៗចំនួន២០លានរៀល និងអ្នករងរបួសចំនួន៣លានរៀល។
បើតាមហ្វេសប៊ុករបស់រដ្ឋបាលសាលាខេត្តសៀមរាបបានឲ្យដឹងថាការឧបត្ថម្ភរបស់សម្តេចនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោយមានករណីបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយកើតហេតុក្រុមការងារក៏បានជួយសង្គ្រោះបានទាន់ពេលវេលា ដោយរុករកបានជនរងគ្រោះសរុបចំនួន ១៦នាក់ ក្នុងនោះស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១០នាក់។
ក្រោយពីទទួលបានព័ត៌មានដ៏សោកសង្រេងនេះរួចមក សម្តេចតេជោបានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦នាក់ នេះផងដែរ តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក្នុងនោះជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា ២០លានរៀល។
ក្នុងនោះដែរ អ្នកឧកញ៉ា សៀង ណាំក៏បានឧបត្ថម្ភជនរងគ្រោះ ក្នុងម្នាក់ៗទទួលបានថវិកា ១០០ដុល្លារ និងជនរងគ្រោះម្នាក់ដែលបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០ដុល្លារ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០ដុល្លារ ផងដែរ៕


