រូបថតសម័យបារាំងជាង១ពាន់សន្លឹកត្រូវបានដាក់តាំង នៅតាមផ្លូវ​ថ្មើរជើងមាត់ទន្លេ

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិព័រណ៍រូបថតដោយបានជ្រើសរើស យករូបថតកាល​ពី​សមយ័បារាំង និងក្រោយរបបប៉ុលពត ជាង១ពាន់សន្លឹក ដើម្បីរម្លឹកដល់កូនចៅ​ជំនាន់ក្រោយ​បានដឹង និងឈ្វេងយល់ពីសម័យកាលមួយទៅសម័យកាលមួយទៀត ដោយបានដាក់តាំង​បង្ហាញជាសាធារណៈនៅតាមបណ្ដោយផ្លូវថ្មើរជើង តាមមាត់ទន្លេ ក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ ខណៈរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ AIMF អភិបាលក្រុងប្រើប្រាស់ ភាសាបារំាង។

ការដាក់តាំងពិព័រណ៍រូបថតនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃ​អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងលោក ឃួង ស្រេង អភិបាលរាជ​ធានី​ភ្នំពេញ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ការដាក់តាំងពិព័រណ៍រូបថតនេះ ក្នុង​គោលបំណងគឺដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្ដរជាតិ បានឈ្វេងយល់ពីការ​វិវឌ្ឍ​របស់រាជធានីភ្នំពេញ ដែលកើតចេញពីបាតដៃទទេ មុននឹងមានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។

លោកបន្ដថា ពិព័រណ៍រូបភាពនេះ បានផ្សព្វផ្សាយ ដើម្បីអបអរ​សាទរ ក្នុងឱកាសដែររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែធ្នូឆ្នាំ ឆ្នាំ២០១៩។ ជាមួយគ្នានេះ ពិព័រណ៍រូបភាពនេះ ក៏នឹងធ្វើឱ្យមហាជន បានយល់​ពីកិច្ច​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនារាជធានីភ្នំពេញ ព្រមទាំងប្រទេសកម្ពុជាទាំងមូលឱ្យមានកាអភិវឌ្ឍរីកមច្រើន ហើយចាប់ផ្ដើម ចេញពីបាត​ដៃទទេក្រោយភ្នក់ភ្លើងសង្គ្រាម៕