គិតត្រឹមថ្ងៃនេះកម្ពុជាឈ្នះមេដាយមាស១គ្រឿងនិងមេដាយផ្សេងៗជាង១០គ្រឿងពីស៊ីហ្គេមនៅហ្វីលីពីន

0

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន គិតត្រឹមរសៀលថ្ងៃទី២ ខែធ្នូនេះ កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់៣ និងសំរឹទ្ធិចំនួន៦គ្រឿង សរុបមេដាយ១០គ្រឿង លើ២ប្រភេទកីឡា ក្នុងចំណោម៧ប្រភេទ កីឡា ដែលកំពុងដំណើរការប្រកួតជាបន្តបន្ទាប់។នេះបើយោងតាមAKP។
លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជាបានបញ្ជាក់ថា មេដាយមាសទី១​របស់កម្ពុជាពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺទទួលបាននៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ខណៈមេដាយចំនួន៩គ្រឿងផ្សេងទៀតបានមកពីកីឡាស៊ីដក់ លើវិញ្ញាសាទាត់សី​ចូលកន្ត្រក មេដាយប្រាក់១គ្រឿង និងមេដាយប្រាក់២គ្រៀងទៀត រកបានលើប្រភេទ​កីឡា​ប្រពៃណីហ្វីលីពីន Arnis កីឡាករ យ៉ុង ម៉េងលី លើវិញ្ញាសាប្រយុទ្ធបុរស Live Stick ទម្ងន់ ៦០-៦៥គីឡូក្រាម និងកីឡាការិនី ស៊ីវន្នី សូនីតា លើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៥៥-៦០ គីឡូក្រាម។ ចំពោះសំរឹទ្ធិ៦គ្រឿងទៀតរកបានលើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ដែរ ដោយកីឡាករ ឌីម ង៉ែត ទម្ងន់ក្រោម៥៥ សំរឹទ្ធិ, សុខ ឈុនទំងន់ ៥៥-៦០, មឿន ប៊ុនលី ទំងន់ លើ៦៥ ខណៈវិញ្ញាសា Live Stick នារី កីឡាការិនី ខៀវ ចិន្ដារ័ត្ន ទម្ងន់ក្រោម ៥០គីឡូក្រាម, យស់ សញ្ចនា ទម្ងន់ ៥០-៥៥ និងកីឡាការិនិ បួ ចន្ទី លើទម្ងន់៦០។

សម្រាប់ការប្រកួតថ្ងៃទី០១ ខែធ្នូ ម្សិលមិញនេះ គឺមាន៧ប្រភេទកីឡា គឺបាល់ទះ វាយសី កាយសម្ព័ន្ធ សីដក់ កីឡារំា ល្បុក្កតោ (Arnis) និងបាល់បោះ៣នាក់ទល់៣នាក់ ប៉ុន្តែ​មានតែ២ប្រភេទកីឡាប៉ុណ្ណោះដែលឈានដល់មេដាយ គឺសីដក់ និងល្បុក្កតោ Arnis ខណៈ​៥ប្រភេទកីឡាទៀតកំពុងប្រកួតជម្រុះលើវិញ្ញាសានានាជាបន្តបន្ទាប់។

ចំពោះកម្មវិធីប្រកួតថ្ងៃទី២ ខែធ្នូនេះដែរ មានបាល់ទាត់U22 ដែលក្រុមកម្ពុជា​​ជួប​មីយ៉ាន់ម៉ា ដែលផ្សាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសលើទូរទស្សន៍ រស្មីហង្ស​មាស HDTV វេលាម៉ោង ៧:០០នាទី, បាល់បោះ ៣នាក់ទល់៣នាក់, សីដក់, ល្បុក្កតោ Arnis, វាយកូនបាល់ និងប៉េតង់ ដែលប្រភេទកីឡាទាំងអស់នេះប្រកួតនៅក្រុងផ្សេងៗគ្នាចំនួន៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺកម្ពុជា​បញ្ជូនប្រតិភូ មន្ត្រី កីឡាករ កីឡាការិនីសរុប៤៤៧នាក់ ហើយមានប្រភេទកីឡាចំនួន៣១។ គិតមកដល់ត្រឹម ថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួន​មិនទាន់មកដល់ហ្វីលីពីនអស់នៅឡើយ ដោយសារកីឡាខ្លះត្រូវមកប្រកួតនៅចុងព្រឹត្តិការណ៍ ពោលគឺថ្ងៃទី៧ ខែធ្នូ ខាងមុខទើបមកដល់ទាំងអស់៕