ពូឈីវ ថាដាច់បាយ ក្រោយបង្កើតព្រឹត្តិការណ៍បង្ហាញព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ

0

ភ្នំពេញ៖ ជាការកាន់ទុក្ខរំលឹកដល់ខួប ៧ឆ្នាំ នៃការយាង​ចូល​ព្រះ​ទិវង្គត ព្រះបរមរតនកោដ្ឋ អ្នកគាំទ្រជួរមុខក្នុងក្រុមកងទ័ពអង្គរ គឺពូឈីវ បានចំណាយ ថវិកាផ្ទាល់ខ្លួនរៀបចំ និងព្រីន ព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ យកមកបង្ហាញក្នុងព្រឹត្តិការណ៍ ការប្រកួតរវាងកម្ពុជា និង អ៊ីរ៉ាក់ នាល្ងាចម្សិលមិញ។​

ពូឈីវ បានឲ្យដឹងថា ដោយសារតែ​រំលឹកដល់គុណូបការៈ របស់ព្រះបរមរតនកោដ្ឋ និងជាថ្ងៃដែលព្រះអង្គយាងចូលព្រះទិវង្គតផង ខ្ញុំបាទក៏បាន សម្រេច​ថាចំណាយថវិកាផ្ទាល់ខ្លួនដើម្បីបង្កើតព្រឹត្តិការណ៍ ដោយលើក ព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ ឡើងដោយមានទាំង ព្រះឆាយាល័ក្ខណ៍ធំ និងតូចៗ ។​
លោកថាដោយសារតែស្រលាញ់ព្រះអង្គផង ទោះដាច់លុយ ដាច់បាយក៏មិនថ្វីនោះទេ ដោយម្សិលមិញនេះ បានចំណាយចូលខ្ទង់ រយដុល្លារ ដើម្បី​បង្ហាញព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់រវាងកម្ពុជា និង អ៊ីរ៉ាក់ ។​ លោកថា ថវិកានោះ ជាថវិកាផ្ទាល់ខ្លួន មិនមាន បងប្អូនណាឧបត្ថម្ភឡើយ ក៏ព្រោះតែចិត្តស្រលាញ់ ។​

បញ្ជាក់ផងដែរថា ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​យាង​ចូល​ព្រះ​ទិវង្គត នៅថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១២ ដោយ​រោគាពាធ ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន៕