ភ្នំពេញ៖ ឧត្តមសេនីយឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា ស្នងការរាជធានីភ្នំពេញ នឹងចាត់វិធានការ ធ្វើការស្ទូចរថយន្ត ដែលឈប់ ឬ ចត ល្មើសនឹងស្លាកសញ្ញាចរាចរណ៍ យកមករក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ឡើយបីពាក់ ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយប្រទេសជាតិ ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចំរើនកាន់តែខ្លាំង ទទួលបានការជឿទុកចិត្ត ជាច្រើនពីសំណាក់អ្នកវិយោគទុនបរទេស ជាពិសេសកំណើនប្រជាពលរដ្ឋ ចូលមករស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនឡើ ក៏ដូចជាកំណើននៃការប្រើប្រាស់ ម៉ូតូ និងរថយន្ត នៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តា ចម្បងបណ្តាលអោយមានការកកស្ទះ តាមបណ្តោយផ្លូវមួយចំនួន។ ហើយម្យ៉ាងវិញទៀតការកកស្ទះ ក៏បណ្តាលមកពីការឈប់ ឬក៏ចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ជាពិសេសគឺឈប់ ឬចតនៅកន្លែងទីតាំងដែលមានស្លាកសញ្ញាហាមឃាត់។
ដើម្បីជួយសហការណ៍ ក្នុងការកាត់បន្ថយការកកស្ទះ ក៏ដូចជាធ្វើអោយទីក្រុងមានសោភ័ណ្ឌភាពល្អ លោកអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្ត គ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡាន របស់អង្គភាពមួយចំនួនដូចជាៈ ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ ជាដើម ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឃាត់ឡើយ។
លោកស្នងការបន្តថា “ខ្ញុំនឹងធ្វើការស្ទូចរថយន្តដែលឈប់ឬ ចត ល្មើសនឹងស្លាកសញ្ញា យកមករក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ ឡើយទោះជាឡានទំនើប ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ អោយតែខុសគឺស្ទូចតែម្តង”។
លោកសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ នឹងចូលរួមសហការណ៍ ដើម្បីជួយកាត់បន្ថយការកកស្ទះ ជាពិសេស ធ្វើអោយទីក្រុងមានសណ្តាប់ធ្នាប់ល្អផងដែរ៕