ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានអះអាងថាអាជ្ញាធរប្រទេសថៃ បានសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន៨៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។
ការដោះលែងនេះធ្វើឡើងក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។ អាជ្ញារថៃបានបញ្ជាក់ថា ថ្មីៗនេះ ប្រទេសថៃបានចេញច្បាប់ថ្មី ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលត្រូវឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរឹងដើម្បីតាមចាប់មេខ្យល់ ទើបបណ្តាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងរយៈពេលយូរបែបនេះ។ មន្រ្តីស្ថានទូត តែងតែជួបសួរសុខទុក្ខជាប្រចាំជាមួយពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងអំឡុងពេលជាប់ឃុំខ្លួននោះ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៨៥នាក់ បានត្រលប់មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួលរបស់ស្ថានទូតកម្ពុជានៅទីក្រុងបាងកក ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជាមួយនឹងអាជ្ញាធរថៃ៕