ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការយោគយល់ខ្ពស់ ចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ខណៈហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធលូរំដោះទឹកនៅក្នុងក្រុង កំពុងត្រូវបានស្ដារជាថ្មីឡើងវិញ។នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យស្ថានភាព ភូមិសាស្ត្រលូរំដោះទឹក នៅក្នុងភូមិ ២ និងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៩ លោក គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យមើលប្លង់ប្រព័ន្ធនិងចំណីផ្លូវ ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច មិនអាចរំដោះទឹកបានទាន់ពេល ត្រូវដាក់ជំនួសនូវប្រព័ន្ធលូ ដែលមានមុខកាត់ធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿនក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀង បានទាន់ពេលវេលា ។
ទន្ទឹមនោះដែរ លោកអភិបាលខេត្តក៍បានមានប្រសាសន៍ទៅកាន់ បងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់ ព្រោះការចុះមកពិនិត្យប្រព័ន្ធអូរនេះ គឺដើម្បីជួយសម្រួលដល់ ការលិចលង់ដោយសារជំនន់ទឹកភ្លៀង នាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូរ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហើយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ៕