ឱសថក្លែងក្លាយ និងអន់គុណភាព ជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយបន្ទាន់

0

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ទាំងក្នុងប្រទេស តំបន់ និងសកលលោក ។
ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ជាមួយរដ្ឋមន្រ្តីសុខាភិបាល ប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត សម្ដេច ទៀ បាញ់ តំណាងសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេស សមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់, ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក ។ បើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និងធ្វើឲ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ» ។
សម្ដេចបន្តថា ឱសថក្លែងក្លាយ និង អន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព, សុវត្ថិភាពសង្គម និងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព កំពុងរីករាលដាលគួរឲ្យ ព្រួយបារម្ភទាំងនៅក្នុងតំបន់ និង ពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ។
ដើម្បីលើកកម្ពស់សុខភាព ប្រជាជនអាស៊ានទាំងមូល សម្ដេច ទៀ បាញ់ ក៏បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៦ចំណុចដូចខាងក្រោម៖ ១.សមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូល។
២.អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង ។
៣.អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាត នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈ ការជួយបំពេញឲ្យគ្នាទៅវិញទៅមក នូវចំណុចខ្វះខាត។
៤.អាស៊ានត្រូវចូលរួមជាមួយ ភាគីពាក់ព័ន្ធទាំងអស់ នៃវិ ស័យសុខាភិបាល, ចែករំលែកព័ត៌មានចំណេះដឹងបទ ពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសដើម្បីរិះរកវិធីសាស្ត្រ និងតម្រូវការចាំបាច់សម្រាប់អនុវត្តរួមគ្នា ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយនានា ។
៥.អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំង នឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ។
៦.អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និង អង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និង សកលលោក ដែលមានស្រាប់ និងបង្កើតយន្តការ ឬ គោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ៕