ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០១៩ ការវិនិយោគលើវិស័យសំណង់ក្នុងប្រទេសកម្ពុជា មានចំនួន៥២៥គម្រោង សរុបទឹកប្រាក់វិនិយោគជាង១,១៧៣លានដុល្លារ កើតឡើង៣៩.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។
របាយការណ៍បញ្ជាក់ថាក្នុងចំណោមគម្រោងវិនិយោគទាំង៥២៥គម្រោងមាន៤៤គម្រោងដែលអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទុនវិនិយោគចំនួន១,០៤៤លានដុល្លារ និង៤៨១គម្រោង ដែលចេញដោយរដ្ឋបាលរាជធានី-ខេត្ត មានទុនវិនិយោគសរុបជាង១២៩លានដុល្លារ។
ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា សំណង់ទូទាំងប្រទេសគិតចាប់ពីឆ្នាំ២០០០ ដល់ ខែកក្កដា ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន៤៦១៣០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង ១២២លានម៉ែត្រការ៉េ ទុនវិនិយោគប្រមាណ ជាង៤៦,២៤៧លានដុល្លារ៕