ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផេករបស់សម្តេចតេជោហ៊ុន សែន បានបង្ហោះសារមួយដោយដាក់ចំណងជើងធំៗថា កម្លាំងប្រដាប់អាវុធ ហាមដាច់ខាតមានងារជា «ឧកញ៉ា» ។
ផេកសម្តេចតេជោបានបន្តសរសេរថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន, នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះទៅប្រកបការងារផ្សេងៗខុសច្បាប់។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត “អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើ គឺត្រូវអនុវត្តការបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិទាំងនោះតែម្តង៕