ឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍២០ម៉ឺននាក់

0

ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរនៅកម្ពុជា លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខ កម្ពុជាត្រូវការកម្លាំង អ្នកបម្រើការងារវិស័យទេសចរណ៍ ២០ម៉ឺននាក់ បន្ថែមទៀត ហើយក្រសួងកំពុងដោះស្រាយបញ្ហាទាំងនេះផងដែរ។

ក្នុងវគ្គបណ្ដុះបណ្ដាលសិក្ខាកាមបន្ថែម ផ្តោតលើការប្រើបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក ហោ មុនីរ័ត្ន បានឲ្យដឹងថា បច្ចុប្បន្ន អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍មាន២០% ប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លីៗ។

លោកមានប្រសាសន៍ថា “ដើម្បីឆ្លើយតបនឹងកំណើនទេសចរណ៍ នៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួនប្រមាណ២០ម៉ឺននាក់បន្ថែមទៀត។ដូចនេះក្រសួងទេសចរណ៍កំពុងដោះស្រាយបញ្ហាប្រឈមខាងលើ ពោលគឺត្រូវជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មថ្មី និងបំពាក់បំប៉នជំនាញបន្ថែមទៀត ដល់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍”។

លោកបន្ដថា ក្រសួងទេសចរណ៍ បាននិងកំពុងដាក់ឲ្យអនុវត្តនូវយុទ្ធសាស្រ្តស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថល ដូចជាការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋាន Online ប្រព័ន្ធគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ Online ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» តាមប្រព័ន្ធ QR-Code និងប្រព័ន្ធទូរស័ព្ទវៃឆ្លាត ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាមប្រព័ន្ធ QR-Code មធ្យោបាយដឹកជញ្ជូនវៃឆ្លាត (Pass App Grab) ជាដើម។

ចំណែក លោក ហ័ង ឆាងស្យុង (HUANG Changxiong) ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណា បានថ្លែងថា ការពង្រឹង និងអភិវឌ្ឍន៍សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍គឺជាទស្សនៈមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលចិន ក្នុងនោះការផ្ដល់ជំនួយលើការបណ្តុះបណ្តាល ក៏ជាខ្លឹមសារសំខាន់របស់មន្ទីរពាណិជ្ជកម្មខេត្តហៃណាន ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។

សូមរំលឹកថា ភ្ញៀវទេសចរចិន គឺជាទីផ្សារដែលធំជាងគេលេខ១របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ កើនឡើង ៣៣% នៅឆ្នាំ២០១៩នេះ កម្ពុជារំពឹងថាទេសចរចិន នឹងកើនឡើងដល់ ២.៦លាននាក់ និង ៣លាននាក់ នៅឆ្នាំ២០២០៕