ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់មិនត្រូវដំឡើងថ្លៃនិងរក្សាគុណភាពសេវាកម្មរបស់ខ្លួន ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជា លោកគ្រូ-អ្នកគ្រូ ជាដើម។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវ ៖
ទី១-រក្សាឲ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេលដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ។
ទី២- ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឱ្យបានជាអតិបរមានូវរាល់ហេតុការណ៍ទាំងឡាយ ដែលអាចកើតឡើងជាឧបទ្ទេវហេតុ។
និងទី៣- កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលនេះបើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក្តី។
ក្រសួងទេសចរណ៍ បញ្ជាក់ថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមផ្សព្វផ្សាយបន្តនូវស្មារតីនៃសេចក្តីណែនាំនេះ ទៅដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគេជ្រោតជ្រាប និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។
សូមរំលឹកថា នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងបាក់ឌុប តាមទិន្នន័យបណ្ដោះអាសន្ន មានមណ្ឌលសរុប២០២មណ្ឌល និងមានបេក្ខជនសរុប១១៩២១៧នាក់ ជាហេតុតម្រូវឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែងដែលពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង៕