ភ្នំពេញ : លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិនគ្រោងបណ្ដាក់ទុនវិនិយោគ លើប្រពន័្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន ដែល ទាមទារនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសប្រពន្ធ័ប្រឡាយលូ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុង ជំនួបជាមួយលោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះលោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក បានមកសិក្សាខ្លះៗ នូវប្រពន្ធ័លូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុន លោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ គម្រោងវិនិយោគប្រពន្ធ័លូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើ មានប្រពន្ធ័លូទឹកភ្លៀង ប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់ រយៈពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយក ដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។
លោកអភិបាលខេត្ត ស្នើរឱ្យក្រុមហ៊ុនសិក្សា ឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូន ក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះ អាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាព បរិស្ថានក្រុងទេសចរណ៍នាទិសនិរតី ៕