ភ្នំពេញ៖ អភិបាលថ្មីខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហាញស្នាដៃដំបូងបង្ក្រាបគ្រឿងញៀនតាមក្លិបចាប់តាំងពីលោកបានចុះដឹកនាំខេត្តដ៏មានសក្តានុពលនេះ ។
យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានចុះថា ឯកឧត្តម គួច ចំរើន ដឹកនាំប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុខេត្តព្រះសីហនុ ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិបត្តិការបង្ក្រាបទីតាំងគ្រឿងញៀនទ្រង់ទ្រាយធំ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងកងកម្លាំងចុះបង្ក្រាបគ្រឿងញៀនមួយកន្លែងនៅក្លឹប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៩រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។
នេះជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុ ក្នុងប្រតិបត្តិការបង្ក្រាប បានធ្វើការឃាត់ខ្លួនមនុស្សចំនួនជាង ១០០នាក់ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្ត រកសារធាតុញៀន ៕




