ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតឱ្យស្នងការនគរបាលរាជធានី ខេត្តទូទាំងប្រទេស អនុវត្តន៍វិធានការផ្លូវ ច្បាប់ចាប់បញ្ជូន និងបណ្តេញចេញជនបរទេសខុសច្បាប់ដែលមកធ្វើការ ឬស្នាក់នៅកម្ពុជា ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជនបរទេសដែលចូលទឹកដីកម្ពុជាដោយខុស ច្បាប់នៅតាមច្រកព្រំដែននោះ គឺត្រូវធ្វើការចាប់បញ្ជូន និងបណ្តេញចេញពីកម្ពុជា ដែលបញ្ហា នេះ គឺជាគោលការណ៍ជាលក្ខណៈអន្តរជាតិតែម្តង។
សម្តេចក្រឡាហោមក៏បានធ្វើការណែនាំឱ្យស្នងការនគរបាលរួមជាមួយនិងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្ត ទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ដែលមាន លិខិតស្នាមត្រឹមត្រូវនៅកម្ពុជាផងដែរ។
សម្តេចក្រឡាហោមបានលើកឡើងថា បញ្ហាអន្តោ ប្រវេសន៍នេះ គឺមិនមែនតែកើតឡើងនៅកម្ពុជាប៉ុណ្ណោះទេ បញ្ហានេះបានកើតឡើងនៅលើពិភពលោកស្ទើរគ្រប់ប្រទេស ហើយបញ្ហានេះទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត សេដ្ឋកិច្ច នយោ បាយ និងសន្តិសុខសុវត្ថិភាពដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ សាធារណជនជាតិ និងអន្តរជាតិ៕