ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងដៃគូសុខាភិបាលទាំងអស់សហការរួមគ្នាការពារកុំឲ្យមូសខ្លាខាំនិងលុបបំបាត់ជម្រកមូស
ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធស្តីពីវិធានការប្រយុទ្ធនឹងជំងឺគ្រុនឈាមឆ្នាំ២០១៩ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះលោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំងអស់ បន្ដយកចិត្ដទុក្ខដាក់លើការធ្វើសកម្មភាពការងាររបស់ខ្លួន ឱ្យបានច្បាស់លាស់ និងចំគោលដៅ ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាមឆ្នាំ២០១៩នេះព្រមទាំងតាមដានការងារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងរយៈពេលពីខែមករាដល់ខែកក្កដា (គិតត្រឹម២៤សប្តាហ៍) ក្នុងឆ្នាំ២០១៩ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ២១.១៣០ ករណី និងស្លាប់ចំនួន២៥នាក់ (អត្រាស្លាប់គឺ ០,១២%)។ តួលេខនេះ មានការកើនឡើងប្រហែលជា៥ដងច្រើនជាងឆ្នាំ២០១៨ ដែលមានអ្នកជំងឺគ្រុនឈាមតែ ៣.៩២៦ ករណី និងស្លាប់០៧នាក់។
ស្ថានភាពជំងឺនេះ បានកើនឡើងក្នុងរាជធានី-ខេត្ត នៅឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ប៉ុន្តែមិនមែនបានន័យថា ជំងឺគ្រុនឈាមមាននៅគ្រប់កន្លែងទូទាំងប្រទេសនោះទេ គឺកើតមានរាយប៉ាយដុំៗតាមមួយភូមិ ឬពីរភូមិនៃភូមិសាស្រ្តឃុំ/សង្កាត់នីមួយៗ។ ជំងឺគ្រុនឈាមកើតលើគ្រប់ភេទ ស្រី ប្រុស ទាំងក្មេងទាំងចាស់ ហើយក្នុងក្រុមអាយុពី៥-១៤ឆ្នាំ ឈឺច្រើនជាងគេ និងអត្រាស្លាប់ខ្ពស់លើក្រុមអាយុក្មេងតិចជាង ៥ឆ្នាំ (មាន៩នាក់ស្លាប់)៕