វិធានការថ្មី!អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព នឹងត្រូវឃាត់មិនឲ្យធ្វើដំណើររហូតទាល់តែរកមួកបានពាក់

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពពេលបើកបរ នឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខ ទាល់តែទាក់ទងរកមួក សុវត្ថិភាពមកពាក់សិន ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត ។

ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច ស ខេងបញ្ជាក់ថា «ថ្ងៃនេះខ្ញុំសូមប្រកាសថា ប្រហែលជាមិនខុសច្បាប់ទេ បើអ្នកជិះម៉ូតូហើយមិនពាក់មួក គឺប៉ូលិសមានភារកិច្ច ឃាត់មិនឲ្យធ្វើដំណើរតទៅទៀត សុំឲ្យអ្នកទាក់ទងរបៀបណា វិធីណាក៏ដោយយកមួកមកពាក់សិន បានឲ្យទៅទៀត…ដូចជាមិនធ្ងន់ពេកទេប៉ុណ្ណឹង ។

អត់យកម៉ូតូហ្នឹងមកទុកទេ ឲ្យកាន់ម៉ូតូគ្រប់គ្រងម៉ូតូខ្លួនឯង តែមិនឲ្យធ្វើដំណើរតទៀត ដើម្បីជីវិតអ្នក ដូចជាមិនទាន់កាចទេ វិធានការប៉ុណ្ណឹង ពីព្រោះបើយើងយកម៉ូតូមកទុក មិនដឹងទុកនៅកន្លែងណា បាត់របស់គេទៅមិនដឹងបានអីសង…ប៉ុន្តែមិនឲ្យអ្នកទៅតែម្ដង ទោះបីរឿងអីក៏ដោយមិនឲ្យទៅតែម្ដង ទោះបីមានប្រពន្ធ ឬសាច់ញាតិឈឺក៏ដោយ ក៏មិនឲ្យទៅដែរ ទាល់តែទៅរកមួកមកពាក់សិន បានឲ្យបន្តដំណើរទៅមុខទៀត» ៕