ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យនគរបាលយុត្តិធម៌រឹបអូសទ្រព្យសម្បត្តិដែលបានមកពីបទល្មើសគ្រឿងញៀននិងលាងលុយកខ្វក់ ប្រសិបើក្នុងករណីរកឃើញថា ទ្រព្យសម្បត្តិទាំងនោះ បានមកដោយសារគ្រឿងញៀន និងលុយកខ្វក់នេះ ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច ស ខេង បានបញ្ជាក់ថា « ខ្ញុំព្រះកុណាខ្ញុំបានណែនាំ ឲ្យនគរបាលយុត្តិធម៌ ពេលដែលធ្វើសំណុំរឿង បញ្ជូនទៅតុលាការ សូមចោទប្រកាន់ជនណាម្នាក់ ដែលពាក់ព័ន្ធនិងគ្រឿងញៀន គឺសុំឲ្យបង្កកទ្រព្យសម្បត្តិ ។
ប៉ុន្តែបើរកទៅឃើញ គឺត្រូវរឹបអូស ពីព្រោះវាអាចទៅជាលុយ បម្រើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ នេះដែលគេខ្លាច» ។
សូមរំលឹកថា រហូតដល់ពេលនេះ លុយខុសច្បាប់នាំចូល មកប្រទេសកម្ពុជា ដែលសមត្ថកិច្ចឃាត់បាន នៅតាមច្រកអន្តរជាតិ មានចំនួន ៧.៤លានដុល្លារ៕