រដ្ឋមិនទាន់មានគម្រោងបញ្ចេញថវិកា ជួយកសិករដែលខាតបង់ដោយសារជំងឺប៉េស្ដជ្រូកនោះឡើយ

0

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់មានគម្រោងបញ្ចេញថវិកាសម្រាប់ជួយកសិករឬម្ចាស់ការរដ្ឋានចិញ្ចឹមជ្រូកដែលខាតបង់ដោយសារជំងឺប៉េស្ដជ្រូកឡើយ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន រៀបរាប់ថាការចិញ្ចឹមជ្រូកចែកចេញជា២ដំណាក់កាលរួមមាន ៖ ដំណាក់កាល ទី១- ចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ (គឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ,ដំណាក់កាលទី២-ចិញ្ចឹមជ្រូកតាមបែបវិស័យឧស្សាហកម្ម (បើសិនជួបបញ្ហាអ្វីមួយ ពួកគេនឹងដោះស្រាយដោយខ្លួនឯង)។
លោកមានប្រសាសន៍ថា “រាជរដ្ឋាភិបាល មិនលូកដៃនៅក្នុងសាច់រឿងហ្នឹងទេ ដូច្នេះនៅតែលើកទឹកចិត្តដោយអ្នកចិញ្ចឹមជ្រូកតាមទិដ្ឋភាពជារូបភាពនៃគ្រួសារ។សូមមេត្តាទាក់ទងឲ្យបានជិតស្និទជាមួយមន្ដ្រីកសិកម្មរបស់យើង ដើម្បីការពារផលប្រយោជន៍ ក្នុងការចិញ្ចឹមនេះឯង”។

អ្នកនាំពាក្យ បន្ថែមថា “ដូច្នេះក្នុងដំណាក់កាលនេះយើងអត់ទាន់មានគម្រោង ក្នុងការជួយចែករំលែក នូការបង់ខាតរបស់អ្នកចិញ្ចឹមក្នុងគ្រួសារនោះទេ។ ប៉ុន្ដែក៏មិនមានន័យថា ដាច់ណាត់យើងមិនធ្វើទេ នេះជាការសម្រេចចិត្តជានយោបាយប៉ុន្ដែតាមគោលការណ៍ច្បាប់យើងអត់មានទៅជួយរំលែកក្នុងការខូចខាតនោះទេ”។
សូមបញ្ជាក់ថា រហូតមកដល់ពេល នេះ ខេត្តរបស់កម្ពុជាចំនួន៥ហើយ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ រួមមាន ៖ ខេត្តរតនគិរី ,ត្បូងឃ្មុំ , ស្វាយរៀង តាកែវនិងកណ្ដាល៕