ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ HANSHIN Engineering & Construction Co., Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
សូមបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ២ ពីរង្វង់មូលតាខ្មៅ ទៅរង្វង់មូលអូរចំបក់ និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ទៅកាន់ផ្សារអង្គតាសោម ប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ សាងសង់ដោយក្រុម Hanshin Engineering and Construction Co., Ltd ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd, និងក្រុមហ៊ុន Seoyoung Engineering Co., Ltd ដោយប្រើប្រាស់ថវិកាជាង ៤៥លានដុល្លារអាមេរិក ក្រោមគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ ចំណាយរយៈពេល ៣០ខែ និងគ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៩នេះ។
ថ្លែងក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនលែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង ពោលគឺត្រូវតាមដានគុណភាពសាងសង់តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានការអត់ធ្មត់ ចូលរួមសហការ និងប្រុងប្រយ័ត្នខ្ពស់ ពិសេសបើកបរដោយគោរពច្បាប់ចរាចរណ៍ និងយោគយល់គ្នា ព្រោះថាខណៈពេលកំពុងសាងសង់ វានឹងបង្កឱ្យមានការរំខានខ្លះៗដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕