ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ថា ជ្រលងសម្ពាធទាបនៅបន្តអូសបន្លាយលើកម្ពុជា ខណៈដែលខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពល លក្ខណៈបែបនេះ ធ្វើឲ្យខេត្តនៅជាប់មាត់សមុទ្ររួមមាន ខេត្តកោះកុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយក្នុង បរិមាណពីបង្គួរទៅច្រើន គួបផ្សំនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ និងខេត្តខ្លះទៀតមានលក្ខណៈខ្សោយចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៩។
ការព្យាករណ៍បន្តថា ដោយសារមានឥទ្ធិពលហ្នឹងធ្វើឲ្យបណ្តារាជធានី និងខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ហើយចំពោះបណ្តាខេត្តនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងនៅភាគពាយព្យ ខាងជើង និងឦសាន នឹងអាចមានភ្លៀងក្នុងកម្រិត . ពីមធ្យមទៅបង្គួរ។
ទន្ទឹមនោះ កន្លែងខ្លះ អាចមានភ្លៀងខ្លាំង ។ប្រភពដដែលបានឲ្យដឹងបន្ថែមថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន អាស្រ័យហេតុនេះ សូមសាធារណជនពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕