ភ្នំពេញ៖ លោក ជំទាវ កែវ វង្សសៀក អគ្គនាយិកាក្រុមហ៊ុន Megabel និង SK បានផ្តួចផ្តើមបង្កើត មូលនិធិ«យើងរស់ក្រោមដំបូលតែមួយ» ដោយរៀបចំកម្មវិធីសប្បុរសធម៌ កៀងគរសប្បុរសជនជាច្រើនចូលរួមចែកអំណោយដល់សិស្សានុសិស្សរាប់រយនាក់ និងលោកគ្រូអ្នកគ្រូនៅ វិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។
កម្មវិធីខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំង វិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (សាលាខេត្តថ្មី) ដើម្បីចែកអំណោយដល់សិស្សសាលាចំនួន ២៥០ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ៦០នាក់ ។ សិស្សសាលារាប់រយនាក់នេះ ដោយបច្ចុប្បន្នកំពុងរៀនជំនាញ និងរស់នៅក្នុងសាលាតែម្តង និងជាសិស្សទីទាល់ក្រជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង។
សិស្សសាលាទាំងនេះ ម្នាក់ៗទទួលបានសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន ។
បើតាមលោកជំទាវ កែវ វង្សសៀក តំណាងមូលនិធិ «យើងរស់ក្រោមដំបូលតែមួយ» បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់សិស្សា នុសិស្សដែលកំពុងខ្វះខាត ចូលរួមកាត់បន្ថយភាពលំបាករបស់ពួកគាត់ នឹងចូលរួមលើកស្ទួយដល់វិស័យអប់រំនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ យើងទាំងមូល៕


















































