កម្ពុជាស្នើមិត្តចិនជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

0

ភ្នំពេញ៖ក្នុងជំនួបជាមួយលោក Wan Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នាព្រឹកថ្ងៃទី ១៩ ខែមិថុនាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យស្នើឱ្យមិត្តចិនជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដល់កម្ពុជាបន្ថែមទៀត។

នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីជំនួបសម្ដែងការគួរសមរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម Wan Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម និងគណៈប្រតិភូមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាឱកាសនោះ លោក Wan Gang បានគោរពស្នើសុំទស្សនរបស់សម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ឬក៏ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ គឺចាំបាច់ណាស់ ត្រូវមានការសិក្សា ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និង វិទ្យាសាស្ត្រដទៃទៀត។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ដថា កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឱ្យសមស្របទៅតាមចរន្ត នៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤នេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា កម្ពុជាមានសាលាសម្រាប់បណ្ដុះបណ្ដាលលើវិស័យនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ នៅតែត្រូវការសម្រាប់ការអភិវឌ្ឍលើវិស័យនេះថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានស្នើឱ្យភាគីចិនជួយសហការជាមួយកម្ពុជាលើបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យស្រាវជ្រាវ ក៏ដូច ជាវិស័យដទៃទៀត ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ សម្ដេចតេជោក៏បានស្នើឱ្យលោក Wan Gang ធ្វើការសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំ ក៏ដូច ជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាផងដែរ៕